03/01/2022
មានបងប្អូនយើងមិនដែលតិចទេ ដែលខ្ចីលុយធនាគារសម្រាប់តម្រូវការផ្សេងៗនូវក្នុងការរស់នៅរបស់ពួកគាត់។ ទាក់ទងនឹងការខ្ចីលុយធនាគារនេះទៀតសោត មានបងប្អូនខ្លះ ប្រហែលជាមិនទាន់ដឹងពីរបៀបអត្រាការប្រាក់កម្ចី ហើយក៏មិនទាន់ដឹងថាតើក្នុងមួយខែ គាត់ត្រូវបង់ការប្រាក់ប៉ុន្មាន បង់ប្រាក់ដើមប៉ុន្មាន បង់សរុបប្រចាំខែទាំងប្រាក់ដើម និងការប្រាក់ប៉ុន្មាន?
ដូច្នេះ ថ្ងៃនេះផងដែរ Kumrong-គម្រោង សូមបង្ហាញបងប្អូនមួយចំនួនដែលពុំទាន់បានដឹងច្បាស់ពីរបៀបគណនារកការប្រាក់ ប្រាក់ដើម និងប្រាក់សរុបដែលត្រូវបង់ទៅធនាគារប្រចាំខែនីមួយៗ ដោយធ្វើការគណនា ការបង់ប្រាក់កម្ចីដែលត្រូវបង់ជាមធ្យមតាមរបៀបខាងក្រោមនេះ៖
ឧទាហរណ៍ អ្នកខ្ចីប្រាក់ធនាគារ ABC ចំនួន ១,០០០០ដុល្លារ
ក្នុងអត្រាការប្រាក់ ១០% ក្នុង១ឆ្នាំ ក្នុងរយៈពេល ៤ឆ្នាំ (ដែលស្មើនឹង ៤៨ខែ)។
របៀបគណនា
$10000 × (1០% / 12ខែ) = $83.3
$10000 / 48ខែ = $208.3
យក A+B = $83.3 + $208.3
= $291.6
ដូចនេះ ការប្រាក់ដែលត្រូវបង់ជាប្រចាំខែនោះគឺ ក្នុងមួយខែត្រូវបង់ជាមធ្យមចំនួន 291.6 ដុល្លារ ទាំងដើម និងការប្រាក់។
បញ្ជាក់ នេះគ្រាន់តែជាឧទារហណ៏សារមញ្ញក្នុងការគណនាតែប៉ុណ្ណោះ។ ការគណនាគឺអាស្រ័យទៅលើការចរចារជាមួយនឹងធនាគារក្នុងការបង់ប្រាក់ ដូចជាការបង់តែការប្រាក់សុទ្ទ ឬការបង់ប្រាក់ដើមថេរ ជាដើម។
ប្រសិនបើជាលោកអ្នកពុំចង់មានភាពស្មុគស្មាញច្រើននោះទេ លោកអ្នកអាចស្វែងរក គេហទំព័រ ឬកម្មវិធី ការគណនាប្រាក់កម្ចី របស់ធនាគារនីមួយៗដែលមាននៅក្នុងប្រទេសកម្ពុជាយើងបានយ៉ាងងាយស្រួល ព្រោះគេមានការចងក្រងរូបមន្តផ្សេងៗរួចជាស្រេចក្នុងការគណនាផងដែរ។
ប្រភព៖ Bankrate
@រក្សាសិទ្ធដោយ Kumrong-គម្រោង
30/12/2021
ឃើញគេវិនិយោគទៅលើក្រុមហ៊ុនណាមួយ តើគេសង្កេតមើលទៅលើអ្វីមុនពេលសម្រេចចិត្ត?
ចម្លើយនោះគឺ ភាគច្រើនមុនពេលគេវិនិយោគ គេពិនិត្យមើលទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដើម្បីដឹងថា តើក្រុមហ៊ុនមួយមានស្ថានភាពហិរញ្ញវត្ថុបែបណា និងគួរតែវិនិយោគឬអត់?
យ៉ាងណាមិញ របាយការណ៍ហិរញ្ញវត្ថុមានជាច្រើន ដូចជារបាយការណ៍លំហូរសាច់ប្រាក់ របាយការណ៍ចំណេញ ឬខាត និងតារាងតុល្យការ។ ថ្ងៃនេះ យើងនឹងមកឈ្វេងយល់បន្ថែមទាំងអស់គ្នាពីតារាងតុល្យការ!
តើអ្វីទៅជាតារាងតុល្យការ? វាបង្ហាញពីព័ត៌មានអ្វីខ្លះ?
តារាងតុល្យការ (Balance Sheet) ជារបាយការណ៍មួយ ដែលបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដោយមានរាយនូវទ្រព្យសម្បត្តិ (Assets) ទ្រព្យមូលធន (Equity) និងបំណុល (Liability) នៅក្នុងពេលជាក់លាក់ណាមួយ។ របាយការណ៍នេះបញ្ជាក់ប្រាប់ពីព័ត៌មានលម្អិតអំពីទ្រព្យដែលក្រុមហ៊ុនមាន និងទ្រព្យដែលក្រុមហ៊ុនជំពាក់ ព្រមទាំងទ្រព្យម្ចាស់ផងដែរ។ នៅក្នុងតារាងនេះ ចំនួនទ្រព្យសម្បត្តិត្រូវតែស្មើនឹងចំនួនបំណុល បូកនឹងទ្រព្យម្ចាស់ ឬគេអាច និយាយបានថាទ្រព្យម្ចាស់ គឺជាចំនួនដែលនៅសល់ ក្រោយពីទ្រព្យសម្បត្តិដកនឹងបំណុល (Equity = Assets – Liabilities)។
១. បំណុល (Liabilities)
គេសរសេរនូវរាល់ព័ត៌មានដែលទាក់ទងនឹងបំណុលរបស់ក្រុមហ៊ុន ដោយបែងចែកជាពីរដូចទ្រព្យសម្បត្តិដែរ គឺបំណុលរយៈពេលវែង (លើសពី១ឆ្នាំ) និងបំណុលរយៈពេលខ្លី (តិចជាងមួយឆ្នាំ)។ ការដែលមានបំណុលមិនមែនមានន័យថាជារឿងមិនល្អនោះទេ លុះត្រាតែបំណុលនេះ មានការកើនឡើងជាងចំណូលទើបក្លាយជាបញ្ហា។
២. ទ្រព្យសម្បត្តិ (Assets)
គេកត់ត្រាចូលនូវរាល់ទ្រព្យទាំងឡាយដែលក្រុមហ៊ុនមាន ដោយបែងចែកជាទ្រព្យមានរយៈពេលវែង (ទ្រព្យដែលពិបាកក្នុងការដូរជាប្រាក់ដូចជា អចលនទ្រព្យ) និងទ្រព្យរយៈពេលខ្លី (ទ្រព្យដែលងាយក្នុងការចាយវាយទៅវិញដូចជា សាច់ប្រាក់)។
៣. ទ្រព្យម្ចាស់ (Equities)
នៅក្នុងផ្នែកចុងក្រោយនេះ គេយកទ្រព្យសម្បត្តិសរុបដកបំណុលសរុប ហើយលទ្ធផលដែល ទទួលបានជាទ្រព្យសុទ្ធ (Net worth) របស់ក្រុមហ៊ុន តែប្រសិនបើក្រុមហ៊ុនមានម្ចាស់ភាគហ៊ុន គេយកលទ្ធផលដែលដករួចនេះ ទៅបែងចែកជាភាគលាភសម្រាប់ម្ចាស់ភាគហ៊ុននីមួយៗ។
សរុបមកវិញ របាយការណ៍ហិរញ្ញវត្ថុនេះ វាបានផ្តល់ជាប្រយោជន៍ក្នុងការតាមដានស្ថានភាពរបស់ក្រុមហ៊ុន ចៀសវាងធ្វើឱ្យក្រុមហ៊ុន ជួបវិបត្តិមិនដឹងខ្លួន ហើយក៏ជារបាយការណ៍ដែលវិនិយោគិន គួរតែសិក្សាឈ្វេងយល់ មុនធ្វើការវិនិយោគ ឬកំពុងតែវិនិយោគផងដែរ។
ប្រភព៖ Investopedia
@រក្សាសិទ្ធដោយ Kumrong-គម្រោង
28/12/2021
ក្នុងការជជែកអំពីរឿងហិរញ្ញវត្ថុជាមួយកូនតូចៗរបស់អ្នក វាមិនមែនជារឿងដែលងាយស្រួលប៉ុន្មាននោះទេ ក៏ប៉ុន្ដែហិរញ្ញវត្ថុ គឺជាចំណេះដឹងដ៏សំខាន់មួយ ដែលកូនតូចៗរបស់អ្នកត្រូវតែយល់ដឹងតាំងពីតូចបណ្ដើរៗមក នោះទើបជាការណ៍ល្អ។ យ៉ាងណាមិញ ដើម្បីបង្រៀនចំណេះដឹងហិរញ្ញវត្ថុទៅកូនតូចៗរបស់អ្នកឱ្យបានជោគជ័យ សូមមើលនូវចំណុចសំខាន់ៗដូចខាងក្រោមនេះ៖
១. នាំកូនទៅផ្សារជាមួយ
រាល់ការបង្រៀនរបស់អ្នក គឺត្រូវអនុវត្ដ ឬបង្ហាញកូនៗរបស់អ្នកអំពីភាពជាក់ស្ដែងដល់ពួកគេ។ យ៉ាងណាមិញ កន្លែងដែលអាចបង្ហាញបានពិតប្រាកដពីរបៀបចាយលុយ គឺនាំពួកគេទៅផ្សារ ទៅមើលតម្លៃទំនិញ និងប្រៀបធៀបតម្លៃចំពោះផលិតផលដែលប្រហាក់ប្រហែលគ្នា រួមទាំងអាចឱ្យពួកគេអនុវត្ដបានជាក់ស្ដែង។ អ្នកអាចធ្វើការចែកលុយមួយចំនួនឱ្យទៅកូនរបស់អ្នក ហើយឱ្យកូនរបស់អ្នកទិញនូវអ្វីដែលពួកគេចង់បាន ចំណែកអ្នកអាចធ្វើជាទីប្រឹក្សាដល់ពួកគេ ដោយបង្ហាញពីតម្លៃលុយដែលពួកគេមាន និងតម្លៃទំនិញដែលពួកគេចង់ទិញ។
២. ជជែកឱ្យបានចប់ចុងចប់ដើមជាមួយកូនៗរបស់អ្នក នូវពេលពួកគេសួរម្ដងៗ
ក្មេង តែងតែចូលចិត្ដសួរ និងចង់ដឹងចង់ឮច្រើន។ ដូច្នេះ ប្រសិនបើកូនៗរបស់អ្នកចាប់ផ្ដើមជជែកអំពីលុយ ចូរអ្នកកុំព្រងើយកន្ដើយ ហើយត្រូវតែជជែកជាមួយពួកគេរហូតពួកគេអស់ចម្ងល់។ ម៉្យាង អ្នកត្រូវតែបង្រៀនពួកគេអំពីការប្រើប្រាស់លុយ ការទុកដាក់លុយ ប្រភេទលុយ ដូច្នេះ អ្នកនឹងក្លាយជាឪពុកម្ដាយដ៏ល្អ ទុកជាគំរូដល់ពួកគេ។
៣. គិតថាកូនមិនអាចយល់បានច្រើនអំពីរឿងប្រើប្រាស់លុយ
ឪពុកម្តាយភាគច្រើន បង្រៀនត្រឹមការចំណាយ និងសន្សំ ប៉ុន្ដែអ្នកអាចសាកល្បងធ្វើការពន្យល់ពួកគេអំពីការវិនិយោគ។ អ្នកវិនិយោគ Kevin O’Leary ធ្លាប់បានធ្វើការចែករំលែកអំពីរបៀបដែលលោកបង្រៀនកូនរបស់លោកថា នូវរៀងរាល់ពេលដែលកូនរបស់លោកធ្វើការដាក់ប្រាក់សន្សំចូលទៅក្នុង “កូនជ្រូក” លោកតែងតែលួចដាក់បន្ថែម១កាក់រៀងរាល់យប់ជានិច្ច ពោលគឺនូវពេលដែលពួកគេគេងលក់។ ការធ្វើដូច្នេះ ពួកគេនឹងយល់ពីរបៀបនៃការសន្សំនៅធនាគារ និងមូលដ្ឋានគ្រឹះនៃការវិនិយោគ។
៤. សន្សំលុយទុកក្នុងធនាគារ ឬបើកគណនីសន្សំ
ការដែលប្រាប់កូនៗរបស់អ្នកអំពីការសន្សំលុយវាជារឿងមួយឡែក ក៏ប៉ុន្តែរឿងដែលសំខាន់មួយទៀតនោះគឺ អ្នកត្រូវបង្អាញ និងប្រាប់ពន្យល់ណែនាំកូនៗរបស់អ្នក អំពីការទុកដាក់លុយក្នុងធនាគារ ឬការបើកគណនីសន្សំ ដូចជាធនាគារ ABA, ACLEDA, PPCBank, និង UBC ជាដើម។ វាមិនថែមទាំងផ្ដល់នូវប្រាក់ចំណូលដល់កូនៗរបស់អ្នកនោះទេ វាថែមទាំងមានសុវត្ថិភាព។
ប្រភព៖ Spero Financial | HuffPost
@រក្សាសិទ្ធដោយ Kumrong-គម្រោង
04/12/2021
ហេតុអី្វបានជាពិន្ទុឥណទានមានសារៈសំខាន់សម្រាប់អ្នកចង់ខ្ចីលុយពីធនាគារ? ពិន្ទុឥណទាន នឹងបង្ហាញពីលទ្ធភាពដែលអតិថិជនម្នាក់ៗ អាចសងត្រឡប់ទៅវិញនៃទឹកប្រាក់ដែលបានខ្ចី ទៅកាន់ស្ថាប័នហិរញ្ញវត្ថុវិញ។ ដូច្នេះ វាត្រូវបានសង្ខេបចេញពីរបាយការណ៍ឥណទានរបស់អតិថិជនម្នាក់ៗ ដែលរួមមានដូចជា ចំនួនដងនៃការសងត្រឡប់បានទាន់ពេលវេលា ទឹកប្រាក់ដែលអ្នកបានខ្ចីមាននៅក្នុងគ្រឹះស្ថាន និងធនាគារណាមួយ ឬចំនួនទឹកប្រាក់ដែលបានប្រើប្រាស់ជាដើម។
ម្យ៉ាងវិញទៀត សំណើសុំឥណទានជាច្រើនប្រភេទ ទាមទារឱ្យអ្នកមានពិន្ទុឥណទានខ្ពស់ ទើបគ្រឹះស្ថានហិរញ្ញវត្ថុអាចវាយតម្លៃពីហានិភ័យនៃការផ្ដល់ឥណទាន និងសម្រេចចិត្តអនុម័តឥណទាននោះដល់អ្នកប្រកបដោយភាពត្រឹមត្រូវ ដោយឥណទានទាំងនោះអាចរួមមាន ឥណទានគេហដ្ឋាន ឥណទានរថយន្ដ ឥណទានអាជីវកម្ម និងកាតឥណទានជាដើម។
ឧទាហរណ៍ថា អ្នកកំពុងមានកម្ចីនៅធនាគារ “A” ចំនួន $2,000 ប៉ុន្តែអ្នកចង់ខ្ចីលុយនៅធនាគារ “B” ចំនួន $2,000 បន្ថែមទៀត។ នោះ ធនាគារ “B” នឹងពិនិត្យលើពិន្ទុឥណទានរបស់អ្នក ថាអ្នកកំពុងមានកម្ចីជាមួយនឹងធនាគារផ្សេងដែរឬទេ? បើសិនជាមាន តើអ្នកមានលទ្ធភាពខ្ចីលុយពីធនាគារបានចំនួនប៉ុន្មានបន្ថែមទៀត?
នៅក្នុងកម្ពុជប្រទេស ពិន្ទុឥណទានរបស់អតិថិជន ឬហៅថា (K-Score) ត្រូវបានកំណត់ចាប់ពី ១០០ ដល់ ១៧០០ និងត្រូវបានផ្ដល់ដោយ ការិយាល័យឥណទានកម្ពុជា (CBC) ទៅកាន់ស្ថាប័នហិរញ្ញវត្ថុដែលអ្នកបានដាក់ស្នើសុំឥណទានទាំងនោះ ដើម្បីឱ្យស្ថាប័នហិរញ្ញវត្ថុវាយតម្លៃទៅលើហានិភ័យនៃការផ្ដល់ឥណទានឱ្យអ្នកខ្ចី។
ដោយបានសង្កេតឃើញថា ពិន្ទុឥណទានពិតជាមានសារៈសំខាន់ខ្លាំង ដូចនេះអ្នកគប្បីរក្សានូវពិន្ទុឥណទានរបស់ខ្លួនឱ្យបានល្អ តាមរយៈការទូទាត់កម្ចីរបស់អ្នក ឱ្យទាន់ទៅតាមពេលវេលាដែលបានកំណត់ និងអាចពិភាក្សាជាមួយអ្នកជំនាញ ដើម្បីទទួលបាននូវដំបូន្មានល្អៗក្នុងការថែរក្សាពិន្ទុឥណទានរបស់អ្នកផងដែរ។
ប្រភព៖ Credit Bureau Cambodia
@រក្សាសិទ្ធដោយ Kumrong-គម្រោង
02/12/2021
ឆ្ងល់ដែរ អាយុនៅក្មេងសោះ ប្រញាប់ទិញធានារ៉ាប់រងម្ល៉េះ? ម៉េចមិនចាំចូលអាយុ ៣០-៥០ឆ្នាំ ចាំទិញទៅថី? វាមិនខុសទាស់អីទេ អ្នកអាចរង់ចាំដល់អាយុច្រើន ចាំទិញធានារ៉ាប់រងក៏បាន ប៉ុន្តែការទទួលយកធានារ៉ាប់រងអាយុជីវិតចន្លោះពីអាយុ ២០ឆ្នាំ ទៅ ៣០ឆ្នាំ អាចជួយសន្សំប្រាក់អ្នកក្នុងរយៈពេលវែង និងផ្ដល់អត្ថប្រយោជន៍ជាច្រើន ប្រសិនបើអ្នកគិតគូរពីឥឡូវនេះ។
អត្រាតម្លៃនៃធានារ៉ាប់រង គឺធៀបនឹងអាយុរបស់អ្នកក្នុងម្នាក់ៗ
មែនទែនទៅ ពេលអ្នកនៅក្មេង តួលេខអាយុតិច មានសុខភាពល្អមាំមួន ការបង់ប្រាក់ចំណាយក៏ធូរថ្លៃទៅតាមហ្នឹងដែរ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតពិចារណាលើហានិភ័យដែលអ្នកអាចនឹងទាមទារ នៅពេលណាមួយនាពេលអនាគត បន្ទាប់មកគេនឹងកំណត់តម្លៃរបស់អ្នកត្រូវបង់ទៅតាមនោះ។ ដូច្នេះការទិញនៅក្មេង មានន័យថាទទួលបានតម្លៃមួយធូរថ្លៃ ជាងអ្នកមានអាយុច្រើន។
#គម្រោងកញ្ចប់ប្រាក់សម្រាប់អនាគត
ឥឡូវអ្នកប្រហែលមិនទាន់មានអ្នកណាពឹងពាក់លើជីវភាពអ្នកនៅឡើយនោះទេ ប៉ុន្តែស្ថានភាពអាចនឹងផ្លាស់ប្ដូរក្នុងរយៈពេល ៥ ទៅ ៦ឆ្នាំ ទៀតក៏ថាបាន។ មានធានារ៉ាប់រងអំឡុងពេលនេះ មានន័យថាអ្នកមានការការពារមួយ ទុកឱ្យកូនៗ ប្តីប្រពន្ធ ឬឪពុកម្តាយចាស់ជរា ដែលអាចនឹងកំពុងពឹងលើប្រាក់ចំណូលរបស់អ្នកតែម្នាក់។ ម្យ៉ាងវិញទៀត ការរៀបចំគម្រោងប្រាក់ទុកមុន អាចផ្ដល់ឱកាសឱ្យអ្នករៀបចំគម្រោងចំណាយលើកូនរបស់អ្នក នៅពេលដែលពួកគេរៀនចប់ថ្នាក់វិទ្យាល័យ និងត្រូវបន្តដល់ថ្នាក់ឧត្ដមសិក្សាថែមទៀត។
#បង្កើតទម្លាប់សន្សំជាប្រចាំខែ ឬប្រចាំឆ្នាំ
ធានារ៉ាប់រងប្រៀបបានបីដូចជាការសន្សំប្រាក់រយៈពេលវែងមួយដូច្នោះដែរ ធានារ៉ាប់រងនឹងជួយក្នុងការរៀបចំផែនការលុយកាក់ប្រចាំខែរបស់អ្នក។ សម្រាប់ធានារ៉ាប់រងជីវិតអាចមានរយៈពេល ២០ឆ្នាំឬច្រើនជាងនេះ ដោយអ្នកនឹងទទួលបានប្រាក់របស់អ្នកត្រឡប់មកវិញ នៅពេលដល់កាលកំណត់ (ធានារ៉ាប់រងជីវិត) បើទោះជាងអ្នកមិនមានរឿងអ្វីកើតឡើងក៏ដោយ។ ដូច្នេះ វាដូចជាការសន្សំទុកទៅថ្ងៃមុខទៀត ដែលអាចយកលុយទាំងនោះទៅបង្កើតមុខរបរ ឬសម្រាប់សម្រេចគោលដៅជីវិតរបស់អ្នកជាដើម។
ប្រភព៖ Forbes | Investopedia
@រក្សាសិទ្ធដោយ Kumrong-គម្រោង
28/11/2021
ពាក្យថា ប្លុកឆេន (Blockchain) គឺជាបច្ចេកវិទ្យាមួយដែលផ្ទុកព័ត៌មានទាក់ទងនឹងប្រតិបត្តិការនីមួយៗ ដែលអាចចែកចាយទិន្នន័យទាំងនោះ ទៅកាន់ទូរសព្ទដៃ ឬកុំព្យូទ័រដទៃទៀតដែលនៅក្នុងប្រព័ន្ធ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងទទួលស្គាល់ថាជាប្រតិបត្តិការមួយដែលមានភាពពិតប្រាកដ។ យ៉ាងណាមិញ ប្រព័ន្ធនេះកត់ត្រារាល់ការទិញ លក់ ជួញដូរ ដំណើរការសាច់ប្រាក់ និងទ្រព្យសម្បត្តិឌីជីថល របស់អ្នកប្រើប្រាស់ ហើយទិន្នន័យទាំងអស់ដែលបានកត់ត្រាក្នុងប្រព័ន្ធនេះ គឺមានសុវត្ថិភាពខ្ពស់ ដោយមិនមានជនណាមកកែប្រែ ឬប៉ះពាល់ទិន្នន័យទាំងនេះបាននោះឡើយ។
Kumrong-គម្រោង នឹងធ្វើការបង្ហាញនូវគុណសម្បតិ្តដ៏ច្រើនអំពី Blockchain:
#ការប្រតិបត្តិការសាច់ប្រាក់
ការប្រើប្រាស់ប្រព័ន្ធ Blockchain មិនឆ្លងកាត់ធនាគារអ្វីនោះទេ គឺយើងអាចធ្វើការផ្ទេរពីគណនីមួយទៅគណនីមួយទៀតក្នុង ២៤ម៉ោង ដោយមិនឆ្លងកាត់ប្រព័ន្ធកណ្តាល ដែលធ្វើឱ្យការផ្ទេរប្រាក់មានភាពរហ័ស និងមានភាពធូរថ្លៃជាងការប្រើប្រាស់ការផ្ទេរប្រាក់ដោយប្រព័ន្ធធម្មតា។ ជាក់ស្តែង កម្មវិធីទូរសព្ទដៃបាគង (Bakong Mobile App) ដែលបង្កើតដោយ ធនាគារជាតិ ក៏កំពុងតែប្រើប្រាស់ប្រព័ន្ធ ប្លុកឆេន នេះផងដែរ។
#ផ្ទេរកម្មសិទ្ធិចលន និងអចលនវត្ថុ
រាល់ទិន្នន័យទាំងអស់ដែលបានកត់ត្រានៅលើប្រព័ន្ធ Blockchain ហើយ គឺមិនអាចលុប ឬប្តូរបាននោះទេ លើកលែងតែម្ចាស់គណនីនោះជាអ្នកប្តូរប៉ុណ្ណោះ ប៉ុន្តែក៏នៅបន្សល់ទុកនូវភស្តុតាងនៃការកែប្រែ (History) នោះផងដែរ។ ការប្រើប្រាស់ Blockchain ក្នុងការកត់ត្រាឈ្មោះម្ចាស់កម្មសិទ្ធិ ដែលបង្ការការក្លែងបន្លំផ្សេងៗ និងអាចធ្វើបានផងដែរ ប្រសិនបើប្រើក្រដាសស្នាម។ ហើយវាងាយស្រួលសម្រាប់អ្នកទិញក្នុងការឆែកមើលថាតើអ្នកលក់ជាម្ចាស់ពិតមែនឬយ៉ាងណា?
#ប្រើក្នុងវិស័យសុខាភិបាល
ប្រវត្តិនៃការតាមដានជំងឺ (Medical Records) ត្រូវបានគេកត់ចូលក្នុងប្រព័ន្ធកុំព្យូទ័ររបស់មន្ទីរពេទ្យ ដើម្បីរក្សាជាការសម្ងាត់ ជាយូរឆ្នាំណាស់មកហើយ។ ប៉ុន្តែ ការធ្វើបែបនេះមិនទាន់មានសុវត្ថិភាពគ្រប់គ្រាន់នោះទេ ទើបមានការពិចារណាក្នុងការបង្កើតកម្មវិធីកត់ត្រាទិន្នន័យដោយប្រើប្រាស់ Blockchain ដែលអាចពិនិត្យបានដោយខាងមន្ទីរពេទ្យ និងអ្នកជំងឺផ្ទាល់តែប៉ុណ្ណោះ។
ខាងលើនេះ គ្រាន់តែជាការប្រើប្រាស់មួយចំនួនដែលត្រូវបានគេកំពុងតែគិតពិចារណា ឬបានកំពុងចាប់ផ្តើម។
ប្រភព៖ Investopedia | Forbes
@រក្សាសិទ្ធដោយ Kumrong-គម្រោង
24/11/2021
សែក ឬមូលប្បទានបត្រ (Cheque) គឺជាការបញ្ជាដោយឥតលក្ខខណ្ឌទៅធនាគារ ជាលាយលក្ខណ៍អក្សរ និងមានការចុះហត្ថលេខាដោយបុគ្គលអ្នកចេញបញ្ជានេះ ក្នុងគោលបំណងតម្រូវឱ្យធនាគារទូទាត់ប្រាក់ក្នុងចំនួនកំណត់ណាមួយឱ្យទៅបុគ្គលម្នាក់ទៀតតាមលក្ខខណ្ឌនៃការបញ្ជានោះផងដែរ។
អត្ថប្រយោជន៍អំពីពីការប្រើប្រាស់សែក
ងាយគ្រប់គ្រងស្ថានការណ៍៖ ប្រសិនបើអ្នកចេញសែករួចរាល់ ហើយមានបញ្ហាណាមួយដែលតម្រូវឱ្យអ្នកផ្អាកការផ្ទេរប្រាក់ទៅអ្នកទទួល អ្នកអាចទាក់ទងទៅធនាគារដើម្បីលុបចោលសែកមួយនោះបាន ដោយគ្រាន់តែបញ្ជាក់ពីមូលហេតុ និងព័ត៌មានទាក់ទងនឹងសែក និងគណនីរបស់អ្នក ក្នុងករណីបើសែកមានបញ្ហា នៅពេលដកប្រាក់ ខាងធនាគារនឹងផាកពិន័យ ចំពោះតម្លៃ គឺវាអាស្រ័យទៅតាមនៃស្ថាប័នធនាគាររបស់អ្នកផងដែរ។
សុវត្ថិភាព៖ ការប្រើប្រាស់សែក វាផ្តល់នូវសុវត្ថិភាពដោយការពារពី ការលួច ហើយនៅពេលដែល អ្នកទៅបើកសែកធនាគារតែងទាមទារអត្តសញ្ញាណបណ្ណបញ្ជាក់ ដូចនេះទោះមានគេលួច ក៏មិនអាចដកប្រាក់បានដែរ។ អ្នកមិនចាំបាច់ដាក់លុយទាំងដុលទៅតាមខ្លួន គ្រាន់តែសរសេរ សែក ជាការស្រេច។
ការទូទាត់ប្រាក់ឥតកំណត់៖ ការផ្ញើលុយតាមកុងធនាគារមានកំណត់អប្បបរមានៃចំនួនទឹកលុយដែលអាចផ្ញើបានក្នុងមួយថ្ងៃ ចំណែកឯសែកមិនមានចំនួនកំណត់ចំណាយនោះទេ ប៉ុន្តែវាក៏អាស្រ័យទៅលើលក្ខខណ្ឌមួយចំនួនពីខាងធនាគាររបស់អ្នកដែរ។
រឿងត្រូវប្រយ័ត្នពេលប្រើប្រាស់ ឬទទួលសែក
អ្នកត្រូវសរសេរព័ត៌មានដែលនៅលើសែកឱ្យបានត្រឹមត្រូវទាំង កាលបរិច្ឆេទ ឈ្មោះ ទឹកប្រាក់ ទាំងលេខ និងអក្សរ នៅពេលសរសេរសែកអ្នកត្រូវប្រើប៊ិក ចៀសវាងមានគេលួចកែប្រែបាន។ អ្នកមិនត្រូវចុះហត្ថលេខានៅលើសែកដែលមិនទាន់សរសេរនោះទេ ព្រោះអាចគេយកទៅប្រើប្រាស់ខុសគោលដៅ។ អ្នកត្រូវទុកដាក់សែកឱ្យដូចជាទុកដាក់លុយកាក់ ត្រូវទុកនៅទីតាំងដែលមានសុវត្ថិភាព។ រាល់ពេលដែលអ្នកចេញសែកអ្នកអាចថតសែកទុក ឬ Scan ដើម្បីបញ្ជាក់ថាអ្នកបានទូទាត់រួច និងទុកជាឯកសារផងដែរនៅពេលទទួលសែក។
ប្រភព៖ CICLG | Wikipedia | Paisabazaar
@រក្សាសិទ្ធដោយ Kumrong-គម្រោង
19/11/2021
នៅក្នុងប្រទេសកម្ពុជា ធនាគារ អាចធ្វើការត្រួតពិនិត្យមើលនូវព័ត៌មានរបស់អ្នកខ្ចីបានតាមរយៈការចូលត្រូតពិនិត្យទិន្នន័យ ដែលត្រូវបានគ្រប់គ្រងដោយ ការិយាល័យឥណទានកម្ពុជា។ ការិយាល័យឥណទានកម្ពុជា (CBC) គឺជាក្រុមហ៊ុនតែមួយគត់ ដែលធ្វើការប្រមូលផ្ដុំនូវព័ត៌មានទាក់ទងនឹងអ្នកខ្ចី ហើយវាក៏ជាកន្លែងតែមួយគត់ដែលអាចអនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុធ្វើការត្រួតពិនិត្យដឹងនូវព័ត៌មាន និងប្រវត្តិនៃការខ្ចីប្រាក់របស់អ្នកខ្ចីបានផងដែរ។ ដូច្នេះ ការិយាល័យឥណទានកម្ពុជា គឺជាកន្លែងមួយដែលស្ថាប័នហិរញ្ញវត្ថុទាំងអស់ ត្រូវតែចូលត្រួតពិនិត្យរកមើលនូវទិន្នន័យរបស់អ្នកខ្ចី មុននឹងធនាគារធ្វើការអនុម័តផ្តល់ជូននូវការខ្ចីប្រាក់ដល់ពួកគាត់។
មានន័យថា CBC ជាអ្នករក្សាទុកនូវប្រវត្តិនៃការខ្ចីប្រាក់ទាំងអស់របស់អ្នក ដូចជា ព័ត៌មាននៃការទូទាត់យឺតពេលវេលាកំណត់ ឬការខកខាតក្នុងការទូទាត់សងប្រាក់ជាដើម។ អ្នកអាចធ្វើការស្នើរសុំរបាយការណ៍ឥណទានរបស់អ្នកបានចំនួនមួយដង ក្នុងមួយឆ្នាំ ដោយឥតគិតថ្លៃ។ យ៉ាងណាមិញ ក្នុងរបាយការណ៍ឥណទាន វាបង្ហាញពីប្រវតិ្តនៃការទូទាត់ប្រាក់របស់អ្នកខ្ចី ពេលវេលា និងចំនួនទឹកប្រាក់ដែលធ្លាប់ខ្ចីជាដើម។ ទិន្នន័យទាំងអស់នេះ ជួយឱ្យធនាគារដឹងពីប្រវតិ្តនៃការទូទាត់ប្រាក់របស់អ្នកស្នើសុំខ្ចីប្រាក់ ថាតើកន្លងមកការទូទាត់សងប្រាក់របស់ពួកគេត្រូវបានធ្វើឡើងយ៉ាងដូចម្ដេចខ្លះ? តើធ្វើការទូទាត់ និងសងប្រាក់បានទាន់ពេលវេលាដែរឬទេ? ហើយធ្លាប់ធ្វើការខ្ចីប៉ុន្មានដងរួចមកហើយ?
គួរបញ្ជាក់ផងដែរថា ប្រសិនបើពត៌មានរបស់អ្នកមានភាពមិនត្រឹមត្រូវនោះ អ្នកអាចដាក់ពាក្យស្នើសុំ ទាមទារឱ្យ ការិយាល័យឥណទានកម្ពុជា (CBC) បង្ហាញពីឯកសារដើម្បីធ្វើការបញ្ជាក់បានផងដែរ។ លើសពីនេះ គ្រប់របាយការណ៍ឥណទានរបស់អ្នកក៏មានការបង្ហាញអំពី K-Score របស់អ្នកផងដែរ។ ជាបន្ទាប់មកទៀត K-Score គឺជាពិន្ទុដែលត្រូវបានផ្តល់ជូនក្នុងគោលបំណងសម្រាប់ទុកវាយតម្លៃចំពោះហានិភ័យឥណទាន ពិន្ទុនេះមានចាប់ពី -២០០ រហូតដល់ ១,២០០ពិន្ទុ ដោយ ១,២០០ គឺជាពិន្ទុដែលល្អបំផុត។
ជាតឹកតាង K-Score មិនមែនជាកត្តាដែលសម្រេចក្នុងការអនុម័ត ឬបដិសេធពាក្យស្នើសុំប្រាក់កម្ចីរបស់អ្នកនោះទេ វាគ្រាន់តែជាឧបករណ៍មួយដែលត្រូវបានប្រើដោយស្ថាប័នហិរញ្ញវត្ថុ នៅពេលត្រួតពិនិត្យពាក្យស្នើសុំប្រាក់កម្ចីរបស់អ្នក។ ដូចនេះ ការមានពិន្ទុ K-Score ល្អ វាក៏ជារឿងដែលមានសារៈសំខាន់មួយផងដែរ។
ប្រភព៖ Credit Bureau Cambodia
@រក្សាសិទ្ធដោយ Kumrong-គម្រោង
12/11/2021
នាយុគសម័យបច្ចុប្បន្ននេះ មិនថាអ្នកមានលុយតិច ឬច្រើនយ៉ាងណាក៏ដោយ ការប្រើប្រាស់ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលមនុស្សគ្រប់រូបគួរតែប្រកាន់ខ្ជាប់ ដើម្បីការពារកុំឱ្យចួបនូវបញ្ហារឿងលុយកាក់ និងចៀសវាងពីហានិភ័យទៅថ្ងៃមុខផងដែរ។
១. មិនចាញ់បោកការផ្សព្វផ្សាយ និងការបញ្ចុះតម្លៃក្លែងក្លាយ
ដោយសារតែគោលការណ៍ទីផ្សាររបស់ក្រុមហ៊ុនមួយចំនួន ចង់ឱ្យទំនិញលក់ដាច់បានច្រើន ឬមានការបញ្ចុះតម្លៃណាមួយដែលមិនគួរឱ្យជឿ។ យ៉ាងណាមិញ អ្នកត្រូវសង្កេតមើលថាតើទំនិញនោះមានគុណភាពបែបណា កាលបរិច្ឆេទខ្ពស់ និងមានប្រយោជន៍ដែរឬទេ? ចូរកុំបណ្ដោយឱ្យផុងខ្លួន ទៅតាមការធ្វើទីផ្សារក្លែងក្លាយ។
២. រង់ចាំរហូតដល់មានទំនិញបញ្ចុះតម្លៃពិតប្រាកដ
មិនខ្វះឡើយ រាល់ពេលរដូវបុណ្យទានម្តងៗ សម្បូរហាងដែលលក់បញ្ចុះតម្លៃពិតប្រាកដ ពេលនោះហើយ ជាឱកាសដែលអ្នកអាចទិញទំនិញថោកតម្លៃដើមបានផងដែរ។ យ៉ាងណាមិញ អ្នកក៏មិនត្រូវទិញច្រើនហួសហេតុពេកនោះដែរ និយាយរួមទិញតែរបស់ណាដែលត្រូវការខ្វះមិនបានទៅបានហើយ បើសិនជាអាច សម្លៀកបំពាក់ គ្រឿងអលង្ការនានា គួរតែកាត់បន្ថយ។
៣. ញ៉ាំអាហារនៅផ្ទះ ច្រើនជាងការញ៉ាំនៅខាងក្រៅ
ធ្វើអាហារញ៉ាំនៅផ្ទះដោយខ្លួនឯង មិនត្រឹមតែជួយឱ្យអ្នកសល់លុយប៉ុណ្ណោះទេ វាថែមទាំងអាចជួយឱ្យអ្នកមានសុខភាពល្អទៀតផង ព្រោះនៅកន្លែងលក់ម្ហូបអាហារខ្លះ មិនប្រាកដថាមានអនាម័យត្រឹមត្រូវនោះទេ។ អ្នកអាចចូលហាងញ៉ាំអី លុះត្រាតែវល់ខ្លាំងគ្មានពេលធ្វើម្ហូប ឬពេលដែលមិត្តភក្តិណាត់ជួបយូរៗម្តងបានហើយ។
៤. ចេះពីវិធីវិនិយោគប្រាក់សន្សំឱ្យបានត្រឹមត្រូវ
ត្បិតតែចំនួនទឹកប្រាក់អ្នកនៅទាបក៏ដោយ អ្នកត្រូវចេះយកទៅវិនិយោគឱ្យបានត្រឹមត្រូវ ដូចជាការដាក់ប្រាក់សន្សំ នៅក្នុងធនាគារ ឬតាមបណ្ដាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់ ដែលមានអត្រាការប្រាក់ខ្ពស់ ប្រសើរជាងការទុកលុយចោលឱ្យនៅនឹងថ្កល់។
@រក្សាសិទ្ធដោយ Kumrong-គម្រោង
10/11/2021
ការផ្ទេរប្រាក់ពិតជាជួបនូវផលវិបាកពិតមែនឬហ្ន៎? ពិតណាស់! ការផ្ញើប្រាក់អាចនឹងមានផលវិបាកមួយចំនួនផងដែរ ព្រោះគេអាចគិតថា គ្មានសុវត្ថិភាព ខ្លាចជ្រុះបាត់តាមផ្លូវ និងខ្លាចជនឆ្លៀតឱកាស លួច ឬ ឆក់យកជាដើម រួមនឹងការធ្វើដំណើរទៅកាន់ ធនាគារ គ្រឹះស្ថាន និងស្ថាប័នផ្សេងៗជាដើម។ ដូច្នេះ ប៉ុន្តែនាសម័យឌីជីថលនេះ ប្រព័ន្ធបច្ចេកវិទ្យាកាន់តែរីកចម្រើន និងឆ្លាតវៃផងដែរ។
គួរឈប់បារម្ភទៀតទៅ ព្រោះបច្ចុប្បន្ននេះ នៅគ្រប់ស្ថាប័ន និងគ្រប់ធនាគារទាំងអស់នៅក្នុងប្រទេសកម្ពុជាយើងនេះ គឺសុទ្ធសឹងតែបង្កើតនូវកម្មវិធីដែលអាចអនុញ្ញាតឱ្យយើងធ្វើការផ្ទេរប្រាក់បានយ៉ាងងាយស្រួល ដោយពុំចាំបាច់ទៅកន្លែងធនាគារ ឬ កន្លែងទទួលប្រាក់ទៀតនោះឡើយ។ មួយបែបទៀតនោះ សេវាផ្ទេរប្រាក់ គឺជាសេវាមួយដែលធនាគារអនុញ្ញាតឱ្យអតិថិជន ធ្វើការផ្ទេរ ទទួលប្រាក់ទូទាំងប្រទេស និងទទួលប្រាក់ក្រៅប្រទេសផងដែរ។
ដើម្បីជាគុណប្រយោជន៍ Kumrong-គម្រោង នឹងធ្វើការណែនាំពីសេវាកម្មធនាគារដែលអាចធ្វើការផ្ទេរប្រាក់បានដើម្បីចែកជូនដល់ប្រិយមិត្ដអ្នកអាន ឱ្យបានយល់ដឹងកាន់តែច្បាស់ ដើម្បីទុកជាចំណេះដឹងទូទៅមួយផងដែរ៖
១. ធនាគារ ABA
សព្វថ្ងៃនេះ ធនាគារABA កំពុងមានប្រជាប្រិយភាព ក្នុងការបម្រើសេវាផ្ទេប្រាក់ ដោយឥតគិតថ្លៃ ក្នុងការផ្ទេរក្នុងធនាគារតែមួយ។។ ក្នុងនោះ ABA មានសេវាផ្ទេរប្រាក់ជាច្រើដូចជា ផ្ទេរប្រាក់តាម SWIFT ផ្ទេរក្នុងស្រុក សេវាទូទាត់រហ័ស សេវាផ្ញើរប្រាក់ទៅក្រៅប្រទេសផងដែរ តាមរយៈសេវា MoneyGram និង Ria Money Transfer។
២. បាគង
បាគង គឺជាប្រព័ន្ធទូទាត់បែបទំនើបថ្មីមួយ ដោយតភ្ជាប់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្តល់សេវាទូទាត់នៅកម្ពុជា ដើម្បីអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទ ពីធនាគារមួយទៅធនាគារមួយទៀត ឬពីក្រុមហ៊ុនផ្តល់សេវាទូទាត់ណាមួយទៅសមាជិកដ៏ទៃទៀត ជាមួយនឹងភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងចំណាយតិច ។
រាល់ការរៀបរាប់នូវធនាគារទាំងអស់នេះសុទ្ធសឹងតែផ្ដល់នូវអត្ថប្រយោជន៍ដូចៗគ្នារួមមាន៖
- មានសុវត្ថិភាពក្នុងការផ្ទេរប្រាក់តាមរយៈធនាគារនីមួយៗ
- ប្រាក់ទៅដល់ដៃអ្នកទទួលទាន់ពេលវេលា
- កាត់បន្ថយហានិភ័យក្នុងការដឹកជញ្ជូនសាច់ប្រាក់តាមខ្លួន
- អាចផ្ទេររវាងអ្នកមានគណនី និងអ្នកគ្មានគណនី
- អាចផ្ទេររវាងធនាគារមួយ ទៅធនាគារផ្សេងៗទៀតបានយ៉ាងងាយស្រួល
@រក្សាសិទ្ធដោយ Kumrong-គម្រោង
ប្រភព៖ CFI | ABA | BAKONG
07/11/2021
ជាការពិតណាស់ នាយុគសម័យបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ននេះ គឺកាន់តែមានការវិវត្ដន៍ទៅមុខយ៉ាងឆាប់រហ័សដ៏គួរឱ្យកត់សម្គាល់។ តួយ៉ាង បើយើងនិយាយទៅដល់ការប្រើប្រាស់ផ្នែកហិរញ្ញវត្ថុវិញនាពេលបច្ចុប្បន្ននេះផងដែរ គឺមានភាពងាយស្រួលយ៉ាងខ្លាំង ទាំងមានសុវត្ថិភាព ទំនុកចិត្ដ និងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ។ ដូច្នេះ ការយល់ដឹងអំពីការប្រើប្រាស់ កាតឥណទាន ឬ “Credit Card” វាគឺជារឿងដែលប្រសើរបំផុតចំពោះមនុស្សនាសម័យបច្ចុប្បន្ននេះផងដែរ។
កាតឥណទាន ឬ “Credit Card” ជាកាតប្លាស្ទិកតូចមួយ ដែលចេញដោយក្រុមហ៊ុនហិរញ្ញវត្ថុ ជាពិសេសធនាគារ ទៅដល់អ្នកប្រើប្រាស់ដើម្បីឱ្យអ្នកទាំងនោះ អាចទិញទំនិញ និងសេវាកម្ម នៅកន្លែងណាមួយ។ កាតនេះ ប្រៀបដូចជាកាតឥណទានបង្វិល ដែលការខ្ចីត្រូវមានដែនកំណត់។
ម្ចាស់កាតមិនចាំបាច់ត្រូវបង់ប្រាក់ជំពាក់ទាំងអស់ឡើយ ហើយជាធម្មតា ម្ចាស់កាត តម្រូវឱ្យបង់ប្រាក់អប្បបរមាជារៀងរាល់ខែ ហើយអ្នកទាំងនោះ អាចខ្ចីឡើងវិញ ដរាបណាពួកគេ ស្ថិតក្នុងដែនកំណត់ឥណទានមុនពេលមានកិច្ចព្រមព្រៀងគ្នា។
ជាធម្មតា គ្រឹះស្ថានដែលបានចេញកាតនេះគិតថ្លៃកាត និងអត្រាការប្រាក់ជារៀងរាល់ឆ្នាំ ដោយផ្អែកលើបរិមាណប្រាក់ដែលអ្នកខ្ចី បានខ្ចី ជាទូទៅ គឺក្រោយពេលទិញទំនិញ ឬប្រើប្រាស់សេវាកម្មណាមួយ។
អ្នកប្រើប្រាស់កាតឥណទាន មានរយៈពេលជាក់លាក់ ពោលពេលវេលាដែលត្រូវទូទាត់ទាំងអស់មុនពេលគិតអត្រាការប្រាក់។ រយៈពេលជាក់លាក់ គឺឥណទានគ្មានការប្រាក់ ដែលអាចមានរយៈពេលពី១៥ ទៅ ៦០ថ្ងៃ។
អត្ថប្រយោជន៍បន្ថែមទៀត គឺការរក្សាកំណត់ត្រា និងតាមដានការទិញទំនិញបានត្រឹមត្រូវ ដូចជា ការប្រើប្រាស់សេវាអ៊ីនធើណេត និងទូរស័ព្ទ ជាសក្តានុពលដែលអាចរក្សាទុកការទូទាត់សម្រាប់ទំនិញដែលមានបញ្ហា។ កាតមួយចំនួន មានកម្មវិធីផ្តល់រង្វាន់ និងការបញ្ចុះតម្លៃលើការទិញទំនិញផងដែរ។
ប៉ុន្តែការប្រើប្រាស់កាតឥណទានក៏មានគុណវិបត្តិដែរ ដូចជាអត្រាការប្រាក់ ឬហៅម្យ៉ាងទៀតថា អត្រាភាគរយប្រចាំឆ្នាំ (APR)។ អត្រានេះ គិតចំពោះសមតុល្យទឹកប្រាក់ដែលហួសកាលបរិច្ឆេទជាក់លាក់។ ការប្រើប្រាស់កាតឥណទាន តម្រូវឱ្យមានវិន័យច្បាស់លាស់ដើម្បីចៀសវាងការជំពាក់បំណុលច្រើន និងយូរអង្វែង។
@រក្សាសិទ្ធដោយ Kumrong-គម្រោង
23/10/2021
Kumrong Startup is looking for Freelance Content Writer to create a content article and share to our social media network.
We focus on finance, banking and investment.
1 standard A4 article, you can earn average 3$-5$/article (based on experience)