រៀនពីលុយ_Rean 2 Luy

រៀនពីលុយ_Rean 2 Luy

Share

want freedom of money, learn about it.

16/05/2023
08/05/2023
06/05/2023

#រៀនពីលុយ

18/04/2023

ប្រាក់ខែ ៣០០ដុល្លារសម្រាប់អ្នកទាំងអស់គ្នាតិច ឬច្រើន? 🤔

ប្រាក់ខែ ៣០០​ដុល្លារ សម្រាប់មនុស្សមួយចំនួនប្រហែលជាតិចសម្រាប់ផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃ ដោយសារពួកគាត់មានបន្ទុកគ្រួសារដែលត្រូវទទួលខុសត្រូវ តម្រូវការចំណាយក៏មានច្រើន ឬមានគោលដៅហិរញ្ញវត្ថុខ្ពស់។ ថែមពីនេះ ប្រាក់ខែ ៣០០ដុល្លារមើលទៅតិច ក៏អាចដោយសារជីវភាពគ្រួសារ​ របៀបរស់នៅផ្តោចលើសម្ភារនិយម និងទម្លាប់ចាយដៃទូលាយ។

ប៉ុន្តែសម្រាប់អ្នកមួយចំនួនទៀត ប្រាក់ខែ ៣០០ដុល្លារនេះអាចច្រើន ឬល្មមគ្រប់គ្រាន់ផ្គត់ផ្គង់ការរស់នៅ ដោយចំណាយសម្រាប់ម្នាក់ឯង មិនមានបន្ទុកគ្រួសារ ហើយរបៀបរស់នៅ និង​ការចាយវាយមានការសន្សំសំចៃខ្ពស់។ ​

យើងមិនអាចកំណត់សម្រាប់នរណាម្នាក់បានទេថាចំនួននេះតិច ឬច្រើន វាអាស្រ័យលើស្ថានភាព និងតម្រូវការជាក់ស្ដែងរបស់ម្នាក់ៗ។ បើចំណូលនេះមិនទាន់គ្រប់គ្រាន់សម្រាប់ចំណាយ គួរព្យាយាមរកប្រភពចំណូលបន្ថែមដូចជា ធ្វើការក្រៅម៉ោងបន្ថែម ឬយកលុយបង្កើតលុយដោយការវិនិយោគ។ សម្រាប់អ្នកយល់ថាចំណូលនេះសមល្មមហើយ ក៏មិនមែនថាគួរតែមានចំណូលប៉ុណ្ណឹងរហូតទេ ក៏ត្រូវព្យាយាមរកបន្ថែមទៀត ដើម្បីឲ្យជីវភាពរស់នៅកាន់តែប្រសើរឡើង។

ប៉ុន្តែយ៉ាងណាក៏ដោយ ប្រាក់ខែតិចក្ដី ច្រើនក្ដី សំខាន់គឺការរៀបចំ ទុកដាក់ និងចាយវាយដោយមានទំនួលខុសត្រូវ។ ការមានផែនការហិរញ្ញវត្ថុ និងទម្លាប់ចាយវាយល្អពិតជាសំខាន់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឲ្យមានសុវត្ថិភាព។ បើចាយខ្ជះខ្ជាយមិនចេះគ្រប់គ្រងហិរញ្ញវត្ថុ ទោះបីប្រាក់ខែរាប់ពាន់ដុល្លារទៀត ក៏ចាយមិនគ្រប់ដែរ។ មានមនុស្សជាច្រើនដែលធ្លាក់ក្នុងបំណុល ដោយសារសម្ភារនិយម ហុឺហារហួសមាឌ ខ្វះចំណេះដឹងហិរញ្ញវត្ថុ និងមិនមានផែនការហិរញ្ញវត្ថុត្រឹមត្រូវជាដើម។

យើងមកមើលគន្លឹះលុយកាក់ខ្លះ ដើម្បីជួយគ្រប់គ្រងហិរញ្ញវត្ថុយើងឲ្យបានល្អ៖
🔸 បែងចែកប្រាក់ចំណូល ៥០% សម្រាប់តម្រូវការ​ និង៥០% ទុកសន្សំ វិនិយោគ និងចំណង់
🔸 រៀបផែនការសន្សំរយ:ពេលវែង
🔸 ទុកលុយវិនិយោគលើអចលនទ្រព្យ ឬអាជីវកម្មតូចៗ
🔸 កាត់បន្ថយការហូបចុកក្រៅ និងប្រើប្រាស់ទឹកភ្លើងខ្ជះខ្ជាយ
🔸 កុំឲ្យអាទិភាពចំណង់ជាងតម្រូវការ

ប្រាក់ខែតិច ឬច្រើន បើអ្នកមិនមានចំណេះហិរញ្ញវត្ថុក្នុងការគ្រប់គ្រងប្រៀបដូចជាស្បោងធ្លុះមួយអ៊ីចឹង​ ទោះច្រកយ៉ាងណាក៏គង់តែជ្រុះបាត់អស់ដែរ។ ដូច្នេះ សុវត្ថិភាពហិរញ្ញវត្ថុអាចកើតមាន អាស្រ័យលើផែនការហិរញ្ញវត្ថុ ការគ្រប់គ្រងត្រឹមត្រូវ និងទម្លាប់ចាយវាយដ៏ប្រសើរមួយ៕ 💙
_________
© 2023 - 2024 KAKCENT | រក្សាសិទ្ធិដោយកាក់សេន

18/04/2023
Photos from CamboFinance's post 17/02/2023
30/12/2022

ជិតដាច់ខែ ហើយក៏ជិតដាច់ឆ្នាំ ២០២០ ហើយដែរ យុវវ័យគ្នាយើងណាខ្លះកំពុងដាច់លុយ ឬកំពុងជួបវិបត្តិហិរញ្ញវត្ថុពេលនេះ?

រឿងលុយកាក់ពិតជាសំខាន់ណាស់សម្រាប់យើងម្នាក់ៗ អញ្ចឹងហើយយើងទាំងអស់គ្នាគួរតែដឹងពីវិធីសាស្រ្តគ្រប់គ្រង និងមើលថែវាកុំឱ្យវាពូកែរត់ចោលយើងពេក ជាពិសេសយុវវ័យដែលកំពុងសិក្សា ឬចូលធ្វើការថ្មីថ្មោងដែលមានការចាយវាយច្រើនជាងចំណូល។

ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលអ្នកគួរតែចេះពីវិធីគ្រប់គ្រងលុយកាក់របស់អ្នក៖

១. ចេះគ្រប់គ្រងខ្លួនឯង

ជាដំបូងអ្នកគួរតែស្គាល់ខ្លួនឯងជាមុនសិនថា តើអ្នកជាប្រភេទមនុស្សដែលមានទម្លាប់ចាយវាយបែបណា ជាប្រភេទមនុស្សសម្ភារៈនិយម ឬមានប៉ុនណាចាយប៉ុណ្ណឹង? ដើម្បីដឹងថាខ្លួនអ្នកជាស្ថិតក្នុងប្រភេទមួយណា អាចចុចចូលតាមតំណរលីងនេះ៖ https://www.facebook.com/kakcentkh/posts/197325191905813

ដើម្បីគ្រប់គ្រងខ្លួនឯងបាន អ្នកត្រូវចេះបែងចែកឱ្យដាច់រវាង ចំណាយចាំបាច់ និងចំណាយដែលមិនសំខាន់ ដូចជាការកំណត់លើតម្រូវការ និងចំណង់ដូចគ្នា ដែលយើងបានពិភាក្សាកាលពីអត្ថបទមុនរួចមកហើយ។ ឧទាហរណ៍ ចំណាយសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ ថ្លៃជួលផ្ទះ ថ្លៃម្ហូបអាហារ អាចចាត់ទុកជាចំណាយចាំបាច់ វីឯ​ ចំណាយលើការមើលកុនចុងសប្តាហ៍ អាចចាត់ទុកថាជាចំណាយតាមចំណង់។

ក្រៅពីនេះ អ្នកគួរកាត់បន្ថយការញុាំបាយក្រៅញឹកញាប់ ការដើរផ្សារទិញទំនិញដែលមិនចាំបាច់ និងទំនោរលើសម្ភារៈនិយម ជាពិសេសចំពោះយុវវ័យដែលតែងតែជ្រើសយកការសប្បាយជាធំ​មិនបានគិតដល់ផលប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួននាពេលអនាគត។ ហេតុដូចនេះការចេះគ្រប់គ្រងអារម្មណ៍ គឺពិតជាមានសារៈសំខាន់ដល់ការសម្រេចចិត្តចាយវាយប្រចាំថ្ងៃណាស់។​​

២. បង្កើតប្រាក់ចំណូលបន្ថែម

ដ្បិតតែអ្នកចេះគ្រប់គ្រងការចំណាយរបស់អ្នកហើយ ប៉ុន្តែពេលខ្លះតម្រូវការរបស់អ្នកវានៅតែមានទំហំធំ ដូច្នេះអ្នកមិនអាចផ្ដោតតែលើការចំណាយតែប៉ុណ្ណោះទេ ការបន្ថែមប្រាក់ចំណូលក៏ជាផ្នែកមួយដែលអ្នកត្រូវគិតគូរដូចគ្នា។ ការបន្ថែមចំណូលអាចមានដូចជា ការស្វែងរកការងារឯករាជ្យ (Freelance) ទៅតាមចំណូលចិត្តរបស់អ្នក ឬពង្រឹងសមត្ថភាពការងារអាជីពរបស់អ្នកដើម្បីបានប្រាក់ខែខ្ពស់ជាងមុន។ ម្យ៉ាងវិញទៀត អ្នកក៏អាចចាប់ផ្ដើមសន្សំលុយកាក់ បន្ទាប់មកប្រើប្រាស់លុយសន្សំនោះ ទៅវិនិយោគក្នុងវិស័យណាមួយដូចជា ភាគហ៊ុន សញ្ញាប័ណ្ណ មាស ឬអចលនទ្រព្យជាដើម្បីទទួលបានប្រាក់ចំណូលអកម្មបន្ថែម។

៣. រៀបចំគម្រោងសាច់ប្រាក់ (Budgeting)

បន្ទាប់ពីកំណត់បាននូវចំណាយ និងចំណូលរួចហើយ ដល់ពេលដែលអ្នកគួររៀបចំវាឲ្យបានច្បាស់លាស់ហើយ ពោលគឺ បែងចែកប្រាក់ដែលយើងមានជារៀងរាល់ខែ ទៅតាមប្រភេទនៃការចំណាយ ដូចជា ចំណាយចាំបាច់ កញ្ចប់ចំណាយសម្រាប់កម្សាន្ត កញ្ចប់ប្រាក់សន្សំសម្រាប់គ្រាមានអាសន្ន និងសម្រាប់ចូលនិវត្តន៍ ជាដើម។

គន្លឺះសំខាន់នោះគឺអ្នក​អាចប្រើប្រាស់វិធីសាស្រ្តនៃការរៀបចំថវិការតាមរូបមន្ត ៥០/៣០/២០ ដែលមានន័យថា៖
- ៥០% នៃប្រាក់ចំណូលរបស់អ្នក គួរទុកសម្រាប់ចំណាយលើតម្រូវការចាំបាច់ប្រចាំថ្ងៃ
- ៣០% ទៅលើកញ្ចប់ប្រាក់សម្រាប់ចំណាយលើចំណង់
- ២០% ទៅលើកញ្ចប់ប្រាក់សន្សំ ឬវិនិយោគ

ការបង្កើតគម្រោងនេះមានសារៈសំខាន់ណាស់ក្នុងការតាមដានការចំណាយរបស់អ្នក ចៀសវាងការចាយហួសកម្រិតដោយមិនដឹងខ្លួន។ វាមិនត្រឹមតែជួយឱ្យអ្នកមានទម្លាប់ចាយវាយល្អជាប្រចាំនោះទេ តែថែមទាំងអាចឱ្យអ្នកសល់លុយកាក់សម្រាប់យកទៅវិនិយោគដើម្បីបង្កើនចំណូលបន្ថែមទៀតផង។

៤. កំណត់គោលដៅហិរញ្ញវត្ថុក្នុងរយៈពេលខ្លី និងពេលវែង

បន្ទាប់ពីដឹងនូវលំហូរសាច់ប្រាក់ រូបមន្តរៀបចំគម្រោងសាច់ប្រាក់ រឿងបន្ទាប់ គឺការរៀបចំគោលដៅហិរញ្ញវត្ថុទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែងមួយ។

គោលដៅហិរញ្ញវត្ថុរយៈពេលខ្លីមានដូចជា កញ្ចប់ប្រាក់សម្រាប់គ្រាមានអាសន្ន ដោះស្រាយបំណុល កញ្ចប់ប្រាក់សម្រាប់ធ្វើដំណើរកម្សាន្ត អាពាហ៍ពិពាហ៍ ឬសម្រាប់ទិញទំនិញអ្នកចង់បានជាដើម រីឯគោលដៅហិរញ្ញវត្ថុក្នុងរយៈពេលវែងអាចមានដូចជា ការរៀបចំគម្រោងកញ្ចប់ប្រាក់សម្រាប់ចូលនិវត្តន៍ សន្សំប្រាក់សម្រាប់គោលដៅវិនិយោគ រកស៊ី ឬរៀបចំកញ្ចប់ប្រាក់សម្រាប់បង់រំលស់ដីផ្ទះជាដើម។

៥. បង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុដោយខ្លួនឯង

ដូចគេថា ការសិក្សាគឺគ្មានដែនកំណត់នោះទេ ហើយការបង្កើនចំណេះដឹងនេះក៏មិនសម្តៅទៅលើការសិក្សាយកបរិញ្ញាប័ត្រអ្វីនោះដែរ ប៉ុន្តែអ្នកអាចស្វែងរកចំណេះដឹងបន្ថែមរៀងរាល់ថ្ងៃ ដើម្បីឲ្យចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់អ្នកកាន់តែមានភាពទូលំទូលាយ ជាពិសេសក្នុងពេលជាយុវវ័យបែបនេះ។ សព្វថ្ងៃការស្វែងរកព័ត៌មានពិតជាងាយស្រួលណាស់ អ្នកអាចចាប់ផ្តើមមើលសៀវភៅថ្មីៗទាក់ទងទៅនឹងហិរញ្ញវត្ថុបុគ្គល ឬការវិនិយោគផ្សេងៗនៅតាមទីផ្សារ និងអុីនធើណេត។ អ្នកក៏អាចតាមដានការចែករំលែកចំណេះដឹងល្អៗនៅក្នុងបណ្តាញសង្គមដូចជាគេហទំព័រកាក់សេនជាដើម។

សរុបមកការគ្រប់គ្រងហិរញ្ញវត្ថុពិតជាមិនងាយស្រួលដូចការចាយវាយតាមតែចិត្តចង់នោះទេ ប៉ុន្តែវាក៏មិនពិបាកដល់ថ្នាក់ធ្វើមិនបាននោះដែរ ហើយវាមិនត្រូវការឲ្យអ្នកទៅសិក្សាយកសញ្ញាប័ត្រអីនោះដែរ។ វាគឺជាអ្វីដែលអ្នកគួរចាប់ផ្តើមគិតឡើងវិញ ជាពិសេសក្នុងពេលយុវវ័យនេះ និងព្យាយាមសម្របការរស់នៅទៅតាមគម្រោងចំណូលចំណាយរបស់យើងបន្តិចម្តងៗ អ្នកនឹងរកឃើញការផ្លាស់ប្តូររបស់អ្នកនាំមកនូវសមិទ្ធផលដែលបានមកពីទម្លាប់ល្អនេះផងដែរ៕

30/12/2022

តើវិស័យទាំងពីរនេះខុសគ្នាយ៉ាងដូចម្តេច ?

សម្រាប់និស្សិតរើសជំនាញសិក្សា តើអ្នកចាប់អារម្មណ៍សេដ្ឋកិច្ច​ រឺ ហិរញ្ញវត្ថុ ?

តើជំនាញទាំង ២ នេះនឹងអាចផ្តល់ឳកាសការងារនៅកន្លែងណាខ្លះបន្ទាប់ពីបញ្ចប់ការសិក្សា ?

1. និយមន័យ៖

a. សេដ្ឋកិច្ច៖ គឺជាមុខវិជ្ជាមួយក្នុងមែកធាងវិទ្យាសាស្រ្តសង្គម (Social Science) ដែលសិក្សាទៅលើរូបភាពជាធំ ទាក់ទងទៅនឹងបញ្ហាទូទៅដែលកើតឡើងក្នុងសង្គម ការប្រែប្រួលអាកប្បកិរិយារបស់មនុស្ស ផលិតកម្មទំនិញ-សេវា ការប្រើប្រាស់ និង ការបែងចែកធនធានប្រើប្រាស់ដោយស័ក្តិសិទ្ធិភាព (ប្រើធនធានតិចបានផលច្រើន) ។ ក្នុងមុខវិជ្ជាសេដ្ឋកិច្ចផងដែរគេបែងចែកជា២ ធំៗទៀត គឺ ម៉ាក្រូសេដ្ឋកិច្ច (Macroeconomics) ដែលសិក្សាពីសេដ្ឋកិច្ចប្រទេសមួយជារួម និង មីក្រូសេដ្ឋកិច្ច(Microeconomics)
ដែលសិក្សាពីសេដ្ឋកិច្ចរបស់គ្រួសារតូចមួយ រឺ ក្រុមហ៊ុនមួយ ។

b. ហិរញ្ញវត្ថុ៖ គឺជាមុខវិជ្ជាដែលផ្តោតការសិក្សាទៅលើការគ្រប់គ្រង និង ប្រើប្រាស់ លុយ តាមរយៈវិនិយោគ កម្ចី ឥណទាន ប្រព័ន្ធហិរញ្ញវត្ថុ រួមទាំងកត្តាផ្សេងៗទៀតដូចជា អត្រាការប្រាក់, លំហូរសាច់ប្រាក់, ទីផ្សារហិរញ្ញវត្ថុ... ។ ក្នុងមុខវិជ្ជាទាក់ទងនឹងហិរញ្ញវត្ថុក៏បែងចែកជា ៣ ធំៗទៀតផងដែរ មាន ហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance) ហិរញ្ញវត្ថុសាជីវកម្ម (Corporate Finance) និង ហិរញ្ញវត្ថុសាធារណៈ (Public Finance) ។

2. ទំនាក់ទំនងរវាង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ៖
a. សេដ្ឋកិច្ចវិទូ៖ អាចជាអ្នកប្រឹក្សាយោបល់ដល់អ្នកធ្វើគោលនយោបាយដែលជារដ្ឋាភិបាល (អង្គភាពនីតិប្រតិបត្តិ) ពីការធ្វើគោលនយោបាយសម្រាប់គ្រប់គ្រងប្រទេស ឧទាហរណ៍វិស័យពន្ធ តាមរយៈគោលនយោបាយសារពើពន្ធ (Fiscal Policy) ដែលជាគោលនយោបាយសម្រាប់គ្រប់គ្រងការប្រមូលពន្ធ និង ចំណាយផ្សេងៗរបស់រដ្ឋ សេដ្ឋកិច្ចវិទូ រឺ អ្នកសេដ្ឋកិច្ចអាចផ្តល់យោបល់អោយរដ្ឋាភិបាល លើកលែងពន្ធពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ គោលបំនងលើកទឹកចិត្តអោយវិស័យនេះបង់ពន្ធតិច មានកំណើនលឿន ថ្លៃអលនទ្រព្យកើនឡើងខ្ពស់ ។

b. អ្នកជំនាញហិរញ្ញវត្ថុ៖ អាចធ្វើការក្រោមវិស័យឯកជនដូចជាក្រុមហ៊ុនវិនិយោគ ធនាគារ មីក្រូហិរញ្ញវត្ថុជាដើម យោងឧទាហរណ៍តាមរយៈការសេង្កេតមើលគោលនយោបាយរដ្ឋាភិបាល ពួកគេនឹងផ្តល់យោបល់ទៅអតិថិជន រឺ ក្រុមហ៊ុនដែលជួលខ្លួន អោយផ្តោតការវិនិយោគទៅលើវិស័យអលនទ្រព្យ ទាន់រដ្ឋលើកទឹកចិត្តអនុគ្រោះពន្ធ ដែលជាឳកាសស្វែងរកប្រាក់ចំណេញបានច្រើន ក្រៅពីនេះ អ្នកជំនាញហិរញ្ញវត្ថុប្រចាំធនាគារក៏អាចផ្តល់យោបល់អោយធនាគារបន្ថយអត្រាការប្រាក់ប្រសិនមានអតិថិជនខ្ចីប្រាក់យកទៅទិញផ្ទះ ព្រោះគេដឹងថាវិស័យអចលនទ្រព្យកំពុងមានសន្ទុះដូច្នេះវាកម្រដែលអតិថិជនខ្ចីលុយគ្មានលទ្ធភាពសងលុយវិញដោយពួកគេអាចលក់អលនទ្រព្យសងបំណុលធនាគារវិញបានគ្រប់ពេល ផ្ទុយទៅវិញប្រសិនបើមានអតិថិជនខ្ចីលុយយកទៅរកស៊ីលើវិស័យដែលមានហានិភ័យខ្ពស់ ធនាគារនឹងគិតអត្រាការប្រាក់ខ្ពស់ដែរ (High Risk, High Return, High Risk, High Interest) ។

3. វិស័យការងារ៖ ទាំងជំនាញសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សុទ្ធតែអាចធ្វើការបានទាំងក្នុងវិស័យឯកជន រដ្ឋនិងអង្គការក្រៅរដ្ឋាភិបាល។

30/12/2022

6 Jars Money Management គឺជាវិធីគ្រប់គ្រងលុយដោយបែងចែក​ប្រាក់ចំណូលរបស់អ្នកជា 6 ផ្នែកសម្រាប់គោលបំណងផ្សេងៗគ្នា។ បើតាមជាក់ស្ដែង ​អ្នកអាចទុកដាក់លុយទាំងនេះនៅក្នុងគណនីដោយឡែកពីគ្នា ឬ ប្រើកែវមែនទែន ឬស្រោមសំបុត្រក៏បាន ដែលលុយ 6 ចំណែកនោះគិតតាមអត្រាភាគរយខុសៗគ្នាទៅតាមភាពចាំបាច់របស់វា។ ការបែងចែកនិងទុកដាក់លុយកាក់របស់អ្នកទៅតាមវិធីនេះនឹងជួយឲ្យការចំណាយនិងសន្សំរបស់អ្នកមានគោលដៅច្បាស់លាស់ និងចៀសវាងការចាយខ្ជះខ្ជាយ។​ បើយើងបំបែកប្រាក់ចំណូលទៅតាមផ្នែកផ្សេងៗគ្នាដោយប្រើកែវទាំង 6 នោះការគ្រប់គ្រងលុយកាក់តាមវិធីនេះ ត្រូវបានណែនាំឲ្យអនុវត្តដូចខាងក្រោម:

កែវទី​ 1: 55% នៃចំណូលត្រូវទុកដោយឡែកសម្រាប់ចំណាយចាំបាច់ប្រចាំថ្ងៃ (Necessities) ដូចជា ថ្លៃទឹកភ្លើង ថ្លៃជួលផ្ទះ និងម្ហូបអារហារជាដើម។

កែវទី 2: 10% គឺទុកសម្រាប់ការកំសាន្ត (Entertainment) ដែលយើងច្រើនចាយលើការជួបជុំមិត្តភក្តិ ជប់លៀង មើលកុន shopping និងការដើរកំសាន្តផ្សេងៗ ពេលយើងចង់បំបាត់ស្រ្តេស និងភាពនឿយហត់ពីការងារ។​

កែវទី 3: 10% នៃចំណូលគឺសម្រាប់សន្សំដើម្បីសម្រេចនូវសេរីភាពហិរញ្ញវត្ថុ (Financial Freedom)។ ប្រាក់សន្សំនេះដែរគឺសម្រាប់យកទៅប្រើជាមធ្យោបាយបង្កើតលំហូរប្រាក់ចំណូលអកម្ម ឬយកទៅវិនិយោគដើម្បីទទួលបានប្រាក់ចំណេញបន្ថែម។ អ្នកពុំគួរយកប្រាក់ពីកែវនេះចាយឡើយ តែអ្នកអាចយកប្រាក់ចំណេញដែលបានបង្កើតបន្ថែមពីការវិនិយោគនោះទៅប្រើប្រាស់បាន។

កែវទី 4: 10% ទុកសម្រាប់ចំណាយលើការសិក្សា​និងការអភិវឌ្ឍខ្លួនឯង (Education and Self-improvement​​) ដូចជាទិញសៀវភៅអប់រំ រៀនវគ្គសិក្សាតាមonline លើជំនាញថ្មីៗ ជាដើម។

កែវទី 5: 10% ដើម្បីសន្សំរយៈពេលយូរទុកសម្រាប់ចំណាយធំៗ (long-term savings) ឧទាហរណ៍ដូចជាគម្រោងទិញផ្ទះ​ឬឡាន សម្រាប់ដំណើរកំសាន្តទៅក្រៅប្រទេស ឬទុកសម្រាប់ចំណាយលើថ្លៃព្យាបាលបញ្ហាសុខភាពដែលមិនអាចរំពឹងទុកមុនបាន​ និងបញ្ហាអាសន្នផ្សេងៗដែលនឹងអាចត្រូវការថវិកាច្រើន។

កែវទី 6: 5% ទុកសម្រាប់ការផ្ដល់ជាអំណោយឬការបរិច្ចាគជាសប្បុរសធម៌ (Gifts and Charity) តួយ៉ាងដូចជាការទិញអំណោយជូនឪពុកម្តាយ បងប្អូន ឬមិត្តភក្តិ ការបរិច្ចាគទៅមន្ទីរពេទ្យ មន្ទីរកុមារកំព្រានិងចាស់ជរា ឬជួយដល់បុគ្គលខ្វះខាតជាងយើងជាដើម។​

វិធីគ្រប់គ្រងលុយកាក់ 6 Jars Money Management នេះ មិនចាំបាច់ទាល់តែអ្នកមានប្រាក់ចំណូលច្រើនទើបអាចអនុវត្តបាននោះទេ ព្រោះថាចំណុចសំខាន់នៃវិធីនេះគឺចង់អោយយើងចេះមានទម្លាប់ទុកដាក់លុយ និងគ្រប់គ្រងចំណាយអោយមានរបៀបរៀបរយ។

សូមចំណាំផងដែរថា អត្រាភាគរយនៃប្រាក់ចំណូលសម្រាប់កែវនីមួយៗអាចប្រែប្រួល តែជាពិសេសនោះគឺកែវទី1 និងកែវទី6 ដែលអាចខុសគ្នា ច្រើនឬតិចជាងនេះបន្តិចបន្តួច ទៅតាមតម្រូវការ គោលដៅចំណាយនិងស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គលម្នាក់ៗ។​ ដោយហេតុថាគោលដៅនៃប្រាក់ដែលយើងបំបែកទុកក្នុងកែវទី6 អាចនឹងចាំបាច់ឬមិនចាំបាច់សម្រាប់មនុស្សផ្សេងគ្នា និងត្រូវរក្សាទុកតិចឬច្រើន អាស្រ័យលើលទ្ធភាពដែលយើងមាន៕

Want your business to be the top-listed Accountant in Phnom Penh?

Click here to claim your Sponsored Listing.

Location

Website

Address


Phnom Penh